ប្រជាពលរដ្ឋសហគមន៍ព្រៃឡង់ បានជួបប្រជុំគ្នាចេញដំណើរតាមម៉ូតូចូលទៅក្នុងព្រៃឡង់សារជាថ្មី នៅព្រឹកថ្ងៃសុក្រទី១៤កញ្ញានេះ ដើម្បីស្វែងរកការកាប់ព្រៃឈើខុសច្បាប់ពិសេស ការកាប់ដើមចំបក់ដែលជាអនុផលព្រៃឈើដ៏មានសក្តានុពលសម្រាប់ការ ចិញ្ចឹមជីវិតរបស់អ្នកភូមិ។
ព្រៃឡង់គឺជាគម្របព្រៃដ៏ធំនិងក្រាស់ជាងគេនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់ឥណ្ឌូចិននេះ ហើយមានព្រំដែនជាប់នឹងខេត្តចំនួន៤ដូចជា ព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង។ ប្រជាពលរដ្ឋជាច្រើនម៉ឺនគ្រួសារដែលរស់នៅរំពឹងអនុផលព្រៃឈើនៃព្រៃ ឡង់នេះបានក្រោកតវ៉ា និងប្រឆាំងការឈូសឆាយព្រៃពីសំណាក់ក្រុមហ៊ុនឯកជនជាច្រើនឆ្នាំមក ហើយ។

នៅថ្ងៃសុក្រនេះ លើកលែងតែក្រុមអ្នកភូមិប៉ែកខាងខេត្តកំពង់ធំដែលនឹងចេញដំណើរនៅ ថ្ងៃសៅរ៍ស្អែក ពលរដ្ឋប៉ែកខាងខេត្តព្រះវិហារ ៨០នាក់ ខាងស្ទឹងត្រែង១០០នាក់និងប៉ែកខាងខេត្តក្រចេះ៨០នាក់ ពួកគេបានចេញដំណើរចូលព្រៃ ឆ្ពោះទៅតំបន់សំខាន់ៗដែលមានការកាប់ឈើ។
ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅរសៀលថ្ងៃសុក្រនេះ លោកស៊ឹន សៀនតំណាងអ្នកភូមិពីខាងខេត្តកំពង់ធំបានប្រាប់អោយដឹងថា លោកបានទទួលដំណឹងពីអ្នកភូមិខាងខេត្តព្រះវិហារមកថា អ្នកភូមិទាំងនោះបានរកឃើញការកាប់ឈើខុសច្បាប់យ៉ាងច្រើន ហើយពួកគេបានសម្រេចដុតកម្ទេចឈើទាំងនោះអស់មួយចំនួនហើយ។
លោក ស៊ឹន សៀនបានបន្តថា យុទ្ធនាការទ្រង់ទ្រាយធំលើកនេះដែលមានរយៈពេលពីថ្ងៃទី១៤ដល់ថ្ងៃ ទី១៧កញ្ញា មានគោលដៅតាមដានថា តើការកាប់បំផ្លាញព្រៃឈើនិងបរិស្ថាន ពិសេសដើមចំបក់ដែលជាអនុផលព្រៃឈើដ៏មានសក្តានុពលរបស់អ្នកភូមិនេះ បានរីកធំប៉ុណ្ណា?
លោកបន្តថាយុទ្ធនាការនេះក៏មានបំណងប្រមូលភស្តុតាងជាក់ស្តែងអំពី ការកាប់បំផ្លាញព្រៃឈើដើម្បីបង្ហាញអាជ្ញាធរពាក់ព័ន្ធ និងរដ្ឋាភិបាល ហើយស្នើអោយរដ្ឋាភិបាលកំណត់ព្រំដែនដីសម្បទានអោយបានច្បាស់លាស់ដល់ ក្រុមហ៊ុន៕
http://www.khmer.rfi.fr/Prey-land-community-supervise-the-cutting-wood-illegally