សេចក្តីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រង និងការប្រើប្រាស់ដីកសិកម្មនៅកម្ពុជា បានគំរាមកំហែងដកយកសិទ្ធិកម្មសិទ្ធិលើទ្រព្យសម្បត្តិឯកជន និងលុបចោលរាល់លក្ខខណ្ឌកំហិតទាំងអស់ លើដីសម្បទានសេដ្ឋកិច្ច។ សេចក្តីព្រាងច្បាប់នោះ បានបង្កលក្ខណៈឲ្យអ្នកដណ្ដើមដីគេ បានទទួលសិទ្ធិការពារស្របច្បាប់ និងអាចដាក់គុកកសិករជាម្ចាស់ដី បើកាលណាពួកគាត់មិនអនុវត្តតាមបទបញ្ជាណាមួយ ទាក់ទងមាត្រានានាដែលមានចែងនៅក្នុងច្បាប់ ស្ដីពីការគ្រប់គ្រង និងការប្រើប្រាស់ដីកសិកម្មនៅកម្ពុជា។
អង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) បានរិះគន់ចំពោះសេចក្តីព្រាងច្បាប់មួយមានឈ្មោះថា សេចក្តីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រង និងការប្រើប្រាស់ដីកសិកម្ម។ អង្គការការពារសិទ្ធិមនុស្ស លីកាដូ បានវាយតម្លៃថា សេចក្តីព្រាងច្បាប់នោះអាចបង្កើតឲ្យមានផលវិបាកផ្សេងៗ លើអ្នកកាន់កាប់ដីឯកជន ហើយអាចដាក់គុក
កសិករម្ចាស់ដីឲ្យជាប់ពន្ធនាគារ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ១០លានរៀលទៀតផង។ លោក អំ សំអាត ប្រធានក្រុមអង្កេតរបស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ មានប្រសាសន៍ថា ខ្លឹមសារសេចក្តីព្រាងច្បាប់នេះ មានចំណុចខ្លះមិនត្រឹមត្រូវឡើយ ត្រូវមានការកែសម្រួលឡើងវិញ ពីព្រោះវារឹតបណ្ដឹងលើកសិករ។
លោក អំ សំអាត៖ «ច្បាប់នេះ បើយើងមើលទៅ វាហាក់ដូចជារឹតបណ្ដឹងទៅលើកម្មសិទ្ធិឯកជនរបស់កសិករ។ ហើយដីនោះ បើសិនជាគាត់មានដី ហើយគេចង់អភិវឌ្ឍជាកសិកម្មនោះ គាត់ត្រូវតែចូលជាមួយគេ។ ហើយបើសិនជាមិនចូលទេ រដ្ឋគេចាត់វិធានការតាមផ្លូវច្បាប់។ គាត់អាចមានទោសទៀត។ អីចឹងមានន័យថា សិទ្ធិចាត់ចែងលើដីគាត់នោះត្រូវបានបាត់បង់ហើយ។ អីចឹង យើងឃើញថា ច្បាប់នេះវាមិនល្អ វាធ្វើទុក្ខបុកម្នេញទៅដល់កសិករ»។
លោក អំ សំអាត មានប្រសាសន៍បន្ថែមថា សេចក្តីព្រាងច្បាប់នេះ បានកំណត់កសិករឲ្យដាំនូវអ្វីដែលក្រសួងកំណត់ និងបានបើកសិទ្ធិឲ្យរដ្ឋអាចហាមប្រាម បំផ្លាញដំណាំកសិករបានទៀតផង៖ «វាដូចជាដាក់កំហិតដែរ បើសិនជាប្រជាកសិករនោះគាត់ដាំដំណាំទៅ វាអត់ត្រូវតាមស្តង់ដារការប្រើជីរ វាអាចប៉ះពាល់ដល់ដីអីទៅ គឺរដ្ឋគេមានសិទ្ធិដកហូត ឬក៏បញ្ឈប់ ឬបំផ្លាញចោលរាល់ដំណាំរបស់គាត់ចោលដែរ។ អានេះវាប៉ះពាល់ធ្ងន់ធ្ងរដែរដល់កសិករ»។
សេចក្តីព្រាងច្បាប់នេះប៉ះពាល់ដល់សិទ្ធិចាត់ចែងលើដីកសិកម្ម របស់កសិករ ដោយសារកសិករខ្លះមានដីទំហំតូច ដូច្នេះគាត់ត្រូវបង្ខំចិត្តដាំដំណាំតាមអ្នកមានដីទំហំធំ។ ប្រភពអង្គការ លីកាដូ បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង និងការប្រើប្រាស់ដីកសិកម្មនៅកម្ពុជានេះ ត្រូវ
បានអង្គការ ស្បៀង និងកសិកម្ម របស់អង្គការសហប្រជាជាតិ ហ្វាវ (FAO) ជាអ្នកជួយផ្តល់ថវិកាជិត ១០ម៉ឺនដុល្លារអាមេរិក ឲ្យទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរៀបចំសេចក្តីព្រាងច្បាប់នេះ កាលពីឆ្នាំ២០១១ កន្លងទៅ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីសុំការអធិប្បាយលើសេចក្តីព្រាងច្បាប់នេះបានឡើយ នៅថ្ងៃទី២៤ កក្កដា។ ប៉ុន្តែ ព្រឹត្តិបត្រព័ត៌មានឈ្មោះ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បានដកស្រង់សម្ដីរបស់លោក ចាន់ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ទាក់ទងជាមួយសេចក្តីព្រាងច្បាប់នេះថា ច្បាប់នេះនៅក្នុងដំណាក់កាលជាសេចក្តីព្រាងនៅឡើយ ហើយក្រសួងកសិកម្មមានគម្រោងអញ្ជើញតំណាងអង្គការមិនមែនរដ្ឋាភិបាល មួយចំនួន ចូលរួមពិភាក្សានៅពេលខាងមុខ។ លោករដ្ឋមន្ត្រីមានប្រសាសន៍បន្ថែមថា ច្បាប់នេះមិនមានការតឹងតែងនោះទេ ហើយក្រសួងនឹងជំរុញឲ្យមានការអនុម័តច្បាប់នេះ ដើម្បីកុំឲ្យមានការបាត់បង់ដីកសិកម្ម។
កសិករមួយរូបឈ្មោះ លន់ ស៊ាត រស់នៅខេត្តបាត់ដំបង មានយោបល់ថា គេមិនអាចបង្ខំកសិករឲ្យដាំដំណាំ ដែលមិនមានផលបានឡើយ។ ប៉ុន្តែបើដាំទៅបានផល កសិករមុខជាធ្វើតាមជាមិនខាន៖ «ទេរឿង នេះ វាមិនត្រឹមត្រូវទេ។ ពីព្រោះយើងជាកសិករមួយរូប យើងមើលឃើញដែរណា មើលឃើញអ្វីដែលធ្វើទៅបាន អ្វីដែលធ្វើទៅមិនកើត។ យើងមានសិទ្ធិ អ្វីដែលធ្វើទៅលូតលាស់ អ្វីដែលធ្វើទៅធានាភោគផលបានល្អ។ យើងមិនអាចតាមគេថា ដីយើងត្រូវតែដាំនោះទេ បើយើងដាំមិនកើត ហើយតើយើងដាំទៅធ្វើអី?»។
លោក អំ សំអាត នៅអង្គការ លីកាដូ សង្ឃឹមថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មុខជាកែប្រែចំណុចខ្លះនៃច្បាប់ ដើម្បីកុំឲ្យប៉ះពាល់ដល់ផលប្រយោជន៍កសិករ ដែលមានដីតិចតួចជាមិនខាន៖ «អានេះយើងគ្រាន់តែសង្ឃឹមថា ការបង្ហាញនូវការកង្វល់របស់សង្គមស៊ីវិលយើង ទៅលើមាត្រាមួយចំនួន ដែលទាក់ទងជាមួយច្បាប់នេះ។ យើងសង្ឃឹមថា ក្រសួងនឹងពិចារណា និងកែឡើងវិញ ធ្វើយ៉ាងណា បើកសិទ្ធិទូលាយទៅដល់កសិករតូចតាច ដើម្បីកុំឲ្យមានផលប៉ះពាល់ដោយសារច្បាប់នេះ»។
សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង និងការប្រើប្រាស់ដីកសិកម្ម មាន ១១ជំពូក និងចែកចេញជា ៦២មាត្រា។ សេចក្តីព្រាងច្បាប់ចុងក្រោយ បានធ្វើហើយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១១៕
ដោយ កែវ និមល